ព័ត៌មានជាតិ

បុរសអ្នករត់តាក់ស៊ីម្នាក់ ត្រូវមួយអាយកូមបែកក្បាលដោយសារទំនាស់ពាក្យសម្តីជាមួយក្រុមអ្នករត់កង់បី

ភ្នំពេញ: អ្នករត់រម៉កកង់បីចំនួន៤នាក់ បានព្រួតគ្នាយកអាយកូមលួចវាយក្បាល បុរសអ្នករត់តាក់ស៊ីម្នាក់ទៀតពីក្រោយ បណ្ដាលឲ្យរងរបួសបែកក្បាលយ៉ាងដំណំ ខណ:ដែលមានទំនាស់ពាក្យសម្ដីរឿងដណ្ដើមកន្លែងចតយានយន្ត កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហើយក្រោយពេលកើតហេតុក្រុមជនដៃល់ខាងលើ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កាកាប រួមជាមួយកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួននាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ជនរងគ្រោះឈ្មោះជាវ សាវុត្ថា អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំនៅផ្ទះលេខ១២៧E១ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ដែលជាអ្នករត់រម៉កម៉ូតូមានគ្នា៤នាក់ ក្នុងនោះ១,ឈ្មោះប៉ុង សុផឹ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩២ ផ្លូវលំក្រុមទី៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ឈ្មោះឈួន រ៉ាម៉ាឌី អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៩៥ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ឈ្មោះ សុខ ចយ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ និង៤ឈ្មោះ ឃុំ ពាង អាយុ៤៩ឆ្នាំ ជាមន្រ្តីយោធាផងនិងរត់ម៉ូតូរម៉កកង់បីផង ស្នាក់នៅក្នុងបន្ទាយកងទ័ពអាកាស ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ បុរសដែលរងគ្រោះបានបើករថយន្តរបស់ខ្លួនទៅឈប់ចតនៅតាមចិញ្ចើមផ្លូវមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចំហៅម៉ូយពេលនោះក៏ត្រូវបានជនដៃដល់ស្ដីបន្ទោសទៅជនរងគ្រោះថា ចតរថយន្តលើទីតាំងរបស់ពួកខ្លួនដែលបានចតរាល់ថ្ងៃនិងច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះបានដេញឲ្យបើករថយន្តចេញទៀតផង ប៉ុន្តែបុរសរងគ្រោះមិនព្រមចេញឡើយ ទើបបង្កឲ្យមានទំនាស់ដោយពាក្យសម្ដីកើតឡើង លុះក្រោយមកពេលដែលជនរងគ្រោះភ្លេចខ្លួន ក្រុមជនដៃដល់បានលួចវាយក្បាល១អាយកូមពីក្រោយ បណ្ដាលឲ្យរងរបួសទើបមានការវាយតដៃគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលហើយនគរបាលប៉ុស្ដិ៍កាកាបចុះទៅចាប់ខ្លួននាំទៅសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕

មតិយោបល់