ព័ត៌មានជាតិ

សម្លាប់មនុស្ស២ដង យុវជនម្នាក់ ត្រូវតុលាការផ្តន្ទាទោស ដាក់គុកអស់មួយជីវិត និង ១២ឆ្នាំ

ភ្នំពេញ: ក្រោយពីតុលាការបានផ្តន្ទាទោសដាក់គុកអស់មួយជីវិត ក្នុងសំណុំរឿង ឃាតកម្មលើ ប្អូនស្រីជីដូន១ ជាសិស្សវិទ្យាល័យ ពងទឹក ប្លន់យកម៉ូតូ កាលពីឆ្នាំ២០១៦ នោះ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ឈ្មោះ ជុំ វិរ: ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិតាបោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ដាក់ពន្ធនាគារកំណត់រយ:ពេល ១២ឆ្នាំ ពីបទ ឃាតកម្ម លើជនរងគ្រោះឈ្មោះ ច្រិច ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំប្រព្រឹត្តកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ នៅចំណុចរណ្ដៅដីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ជុំ វិរ: បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនោះទេ ហើយចំពោះចម្លើយនៅសមត្ថកិច្ច គឺនគរបាលវាយឱ្យសារភាពតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍សួរយកចម្លើយរបស់សមត្ថកិច្ច កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ឈ្មោះ ជុំ វិរ: បានសារភាពថា នៅយប់កើតហេតុខ្លួន និងជនរងគ្រោះ បានទៅផឹកស៊ីនៅផ្ទះមិត្តឈ្មោះ គង់។

នៅពេលផឹកចប់ ជនរងគ្រោះស្រវឹងជោគជាំ និងជិះម៉ូតូម៉ាកគុបជ្រុង ចេញមកមុន តែខ្លួនមិនព្រមឱ្យមកព្រោះខ្លាចមានគ្រោះថ្នាក់ ទើបជិះម៉ូតូម៉ាក C១២៥ តាមពីក្រោយ ឃាត់កុំឱ្យទៅ។

នៅពេលនោះឈ្មោះ ច្រិច ពិសិដ្ឋ ជាជងរងគ្រោះ មិនព្រមឈប់ទេ ទើបខ្លួនបើកម៉ូតូទៅពាំងពីខាងមុខ ហើយពេលនោះជនរងគ្រោះបានវាយខ្លួន ទើបខ្លួនបាន វាយតបវិញ រហូតជនរងគ្រោះធ្លាក់ចូលក្នុងរណ្តៅស្លាប់ទៅ។

ក្រោយពេលវាយជនរងគ្រោះទម្លាក់ទឹករួច ខ្លួនបានអូសម៉ូតូជនរងគ្រោះទម្លាក់ទឹកដើម្បី ឱ្យគេយល់ច្រទ្បំថា ជនរងគ្រោះបានជិញម៉ូតូធ្លាក់ទឹកស្លាប់ មិនមែនជាអំពើឃាតកម្មនោះទេ៕

មតិយោបល់