ព័ត៌មានជាតិ

បញ្ជូនខ្លួននគរបាល ដែលបាញ់សម្លាប់ សន្តិសុខ ព្រោះរឿងច្រៀងខារ៉ាអូខេ ទៅតុលាការ

ភ្នំពេញ:​ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ដែលបានបាញ់សម្លាប់ បុគ្គលិកសន្តិសុខម្នាក់ ព្រោះរឿង ទាស់សម្តីពេលច្រៀងខារ៉ាអូខេ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ​ សាន​ បុរី​ ភេទប្រុស អាយុ ៣៨ឆ្នាំ​ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ស្នាក់នៅផ្ទះលេខ៣១២​ ក្រុម១១​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះ ជ័យ​ ប៊ុនថន​ ភេទប្រុស អាយុ ៥០ឆ្នាំ​ មុខរបរ ជាសន្តិសុខផ្សារស្ទឹងមានជ័យ​ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

គួររំលឹកថា កាលពីយប់​ ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៧ កន្លងទៅ ​មានករណី ឃាតកម្មមួយបានកើតឡើង ដោយផ្តើមចេញពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅចំណុចក្នុង​ហាងលក់គ្រឿងក្លែមផ្លូវលំ​ ក្រុមទី១១​ ក្នុងភូមិទ្រាល​ ជាប់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ៕

មតិយោបល់