ព័ត៌មានជាតិ

រថយន្តដឹកអីវ៉ាន់ បត់ចូលផែស្ងួតតិចស៊្រុន បុកម៉ូតូពេញទំហឹង មនុស្សលោតចេញទាន់ កុំអីខ្ទេចខ្លួនដូចម៉ូតូ!..

ភ្នំពេញ: រថយន្តដឹកអីវ៉ាន់មួយគ្រឿង បើកឆ្លងផ្លូវបំណងចូលក្នុងផែស្ងួតតិចស្រ៊ុនមិនប្រយ័ត្ន បានជ្រុលបុកម៉ូតូមួយគ្រឿងពេញទំហឹង កិនជាប់ខាងក្រោមរថយន្តខ្ទេចតែម្តង សំណាងល្អណាស់អ្នកបើកបរម៉ូតូលោតចេញទាន់ របួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​ទី១៧ ខែតុលា ២០១៧ នៅមុខផែស្ងួតតិចស្រ៊ុន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ គ្មានស្លាកលេខ​ សម្រាប់សណ្តោងរម៉ក​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទឃ្លប់ដឹកទំនិញ ​ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3D-9246 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានបត់ឆ្លងផ្លូវ ក៏ជ្រុលបុកម៉ូតូពេញទំហឹង និងកិនម៉ូតូជាប់ខាងក្រោមរថយន្តសំណាងម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងនិងសម្របសម្រួលគ្នាទៅលើភាគីទាំងសងខាងផងដែរ៕

មតិយោបល់