ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ដកហូតថ្នាំញៀន៩កញ្ចប់!​

តាកែវ: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ករណីបង្រ្កាបមុខសញ្ញាជួញសារធាតុញៀននេះ ធ្វើឡើងដោយផ្អែកតាមចម្លើយសារភាពឆ្លើយដាក់របស់ជនសង្យ័យឈ្មោះ សយ សំ និង ភុន ដាវិត ដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ និងដោយមានការអនុញ្ញាតរបស់លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

ក្រោយពីមានចម្លើយសារភាពនេះរួចមក នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញស្រុកត្រាំកក់ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀនខេត្ត បានចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ឡាយ ឆាយវណ្ណា ហៅ ឌឹក ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រៃរំដេង ឃុំ អង្គតាសោម ដោយដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយ ពណ៌ក្រហម១ ,ម្សៅក្រាម ពណ៌សថ្លាចំនួន៩កញ្ចប់តូច ,ទូរសព្ទដៃចំនួន២គ្រឿង ,ម៉ូតូ ១គ្រឿង និងស្បោងច្រកមួយចំនួនទៀត និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ តេង មាស ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិនាល ឃុំតាំងដូង ស្រុកបាទី (អ្នកជួញដូរ) និងជនសង្ស័យទី២ឈ្មោះ រឿន ការ ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិស្វាយអុី ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ (អ្នកប្រើបាស់) ។ ចំណែកម្ចាស់ផ្ទះបានគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់