ព័ត៌មានជាតិ

ឪពុកម្តាយគួរតែប្រយត្ន័ឲ្យបានខ្ពស់! ក្មេងតូចអាយុ២ខួប ដើរតាមបងប្រុសទៅបង្កៃត្រី ធ្លាក់ព្រែកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: ក្មេងស្រីតូច អាយុ២ខួបម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័យដោយសារតែការធ្វេសប្រហែសពីសំណាក់ក្រុមគ្រួសារ ក្រោយពីក្មេងស្រីរងគ្រោះរូបនេះ បានដើរតាមបងប្រុសរបស់ខ្លួនទៅដាក់បង្កៃត្រី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទឹកព្រែកក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

នគរបាលស្រុកមុខកំពូលបានឲ្យដឹងថា កុមារីរងគ្រោះរូបនេះមានឈ្មោះ ចម្រើន មករា អាយុ២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោង៧ ឈ្មោះ ចម្រើន ឃីម និង ឈ្មោះ ចម្រើន ឃឹម បងប្អូនជនរងគ្រោះទៅបង្កៃត្រីនៅមាត់ព្រែក (កន្លែងកើតហេតុ) ក្នុងពេលនោះម្ដាយជនរងគ្រោះបានចេញពីផ្ទះទៅទិញម្ហូប។ លុះដល់វេលាម៉ោង៧និង៣០នាទីឈ្មោះ ចម្រើន ឃីម និង ឈ្មោះចម្រើន ឃឹម បានផ្អើលឆោឡោបាត់ប្អូនស្រីហើយបានប្រាប់ម្ដាយហើយបាននាំគ្នាដើររករហូតដល់ម៉ោង៨និង៣០នាទី ទើបឃើញសពជនរងគ្រោះអណ្ដែតទឹកព្រែកកន្លែងកើតហេតុ រួចនាំគ្នាស្រង់យកមកធ្វើចលនាដើម្បីសង្គ្រោះ តែជនរងគ្រោះស្លាប់បាត់ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះមកធ្វើការពិនិត្យសាកសពនៅផ្ទះជនរងគ្រោះឃើញថា នៅលើខ្លួនជនរងគ្រោះពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់