ព័ត៌មានជាតិ

Update៖ ផ្អើលទាំងយប់ អគ្គីភយ័លេបត្របាក់ផ្ទះជាច្រើនខ្នង នៅក្រុងតាខ្មៅ

កណ្តាល: អគ្គីភយ័មួយបានកើតឡើងទាំងកណ្តាលយប់ បណ្ដាលឲ្យផ្ទះជាច្រើនខ្នង ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាមួយនឹងអណ្តាតភ្លើងហោះឡើងខ្មួលខ្មាញ់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៨នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​។

តាមមន្ត្រីពន្លត់អគ្គិភ័យ បានឲ្យដឹងថា ជនរងគ្រោះទី១​ ឈ្មោះ​​ ប៉ាត់ សុងលី ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរប៉ះកង់ឡាន បានខូចខាតផ្ទះ៣ខ្នង ទទឹង៩ ម៉ែត្រ និងបណ្តោយ២៤ ម៉ែត្រ ផ្ទះឈើខាងលើ ប្រក់​ក្បឿងឆេះទាំងស្រុង ទី២.ឈ្មោះឃឹម សូភិន ភេទប្រុស អាយុ ៧៤ឆ្នាំ រស់ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ មានមុខរបរ ទីក្រុមប្រឹក្សា បានខូចខាតឆេះផ្ទះ១ ខ្នង​ ទំហំ​ ៦ m x ១៥m ឈើលើ ជញ្ជំងថ្មក្រោម ប្រក់​ក្បឿង និងទី៣.ឈ្មោះ ឃៀវ សុគន្ធា ស្រី អាយុ៦០ឆ្នាំ រស់នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ មុខរបរមេផ្ទះ សម្ភារក្នុងផ្ទះខូចខាត​ទាំង​ស្រុង​។

នគរបាលជំនាញពន្លត់អគ្គីភយ័ បានបញ្ជាក់ថា មូលហេតុ​ដែលបណ្តាលឲ្យអគ្គីភយ័នេះ ឆាបឆេះឡើងគឺឆ្លងចរន្ត​អគ្គីស​នី។

ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុពួកគាត់ បានឃើញអណ្តាតភ្លើងហោះចេញពីផ្ទះឈ្មោះ បាត់ សុងលី ផ្ទះប៉ះកង់ឡាន យ៉ាងសន្ធោសន្ធៅ បានឆេះរាល់ដាល់ពីផ្ទះមួយទៅផ្ទះមួយ ភ្លាមៗតែម្តង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងបង្ក្រាប និងសង្គ្រោះអគ្គិភ័យ បានចុះធ្វើការអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាល ខេត្តកណ្តាលចំនួន៥គ្រឿង ឡានទឹកអង្គរក្ស២គ្រឿង និងឡានទឹកភ្នំពេញ៩គ្រឿង ចំណាយរយ:ពេលអស់៣ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង៕

មតិយោបល់