ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់ ដួលស្លាប់ក្នុងបន្ទប់ទឹក ទាំងពេទ្យ មិនទាន់បានដឹងពីជំងឺផង

បាត់ដំបង: លោកវរសេនីយទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា កាលវេលាម៉ោង ១០ និង២០ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីស្ត្រីវ័យចំណាស់ម្នាក់ បានដួលក្នុងបន្ទប់ទឹកស្លាប់ ទាំងពេទ្យមិនទាន់ដឹងពីស្ថានភាពជំងឺផង។

ហេតុការណ៍នេះ បានកើតទ្បើងនៅត្រង់ចំណុចផ្ទះលេខ១៦៦ ក្រុមទី១៦ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ឈ្មោះ ពិន សាន្ត ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ជនរងគ្រោះ ឈ្មោះ គឹម នួរ ភេទ ស្រី អាយុ​ ៧១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនមកពិនិត្យព្យាបាលជំងឺ ដែលតាមបញ្ជាក់ពីវេជ្ជបណ្ឌិតឈ្មោះ​ ពិន សាន្ត បានអះអាងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែលជាង ៧ ខ្លួនបានឃើញអ្នកជំងឺម្នាក់ មិនស្គាល់ឈ្មោះ ភេទ ស្រី អាយុប្រហែល ៧១ ឆ្នាំបានមកព្យាបាល និងចាក់ថ្នាំនៅកន្លែងខ្លួន លុះដល់ម៉ោងជាង ៩ ដល់វេណត្រូវពិនិត្យគាត់ គាត់ក៏ចូលបន្ទប់ទឹក ដោយសង្ស័យគាត់ចូលយូរពេក ទើបខ្លួនបានបើកទ្វារមើល ឃើញគាត់ដួលក្នុងបន្ទប់ទឹក ហើយក៏នាំគ្នាលើកមកធ្វើការជួយសង្រ្គោះ តែហួសពេលបាត់ទៅហើយ។

ឆ្លងតាមការពិនិត្យ​របស់ការិយាល័យបច្ចេកទេសខេត្តបាត់ដំបង សាកសពខាងលើពិតជាបានស្លាប់ ដោយសារដោយផ្អែកតាមស្ថានភាពជំងឺជាក់ស្ដែងមែន​ ដោយមានភាពស្លេកស្លាំង ចំណែកពោះមានសភាពហើមប៉ោងតឹង។

ក្រោយសមត្ថកិច្ច បានធ្វើកោសល្យវិច័យរួច ក៏ប្រគល់សាកសពឲ្យទៅឈ្មោះ សាត ណាវី ភេទ ស្រី អាយុ៤៣ ឆ្នាំ ដែលត្រូវជាកូនបង្កើត យកទៅធ្វើបុណ្យសពតាមប្រពៃណី៕

មតិយោបល់