Post News Media ព័ត៌មានជាតិ មន្ត្រីនគរបាល...

មន្ត្រីនគរបាលជិះម៉ូតូឌុបប្រពន្ធកូន លឿនពេកជ្រុលទៅបុកគូថរថយន្តរបស់ប្រធានមណ្ឌលសុខភាពឃុំលំចង់ ស្លាប់កូនស្រីយ៉ាងអាណោចអាធ័ម!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូម៉ាកស្កុបពី១គ្រឿង បានជ្រុលទៅបុកគូថរថយន្តហាយឡែនឌ័រ របស់ប្រធានមណ្ឌលសុខភាពឃុំលំចង់ ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងស្លាប់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវខេត្តលេខ១២៩ គីឡូម៉ែត្រ២.៣ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ គ្មានស្លាកលេខ បានឈប់នៅលើចិញ្ចើមផ្លូវខាងត្បូង បើកបរដោយឈ្មោះ ណុប ស្រៀង ភេទប្រុស ជាប្រធានមណ្ឌលសុខភាពឃុំលំចង់ នៅភូមិកើតហេតុខាងលើ ក្នុងទិសដៅពីលិចទៅកើត ខណ:នោះស្រាប់តែមានម៉ូតូម៉ាក ស្កុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1GH-1618 បើកបរដោយឈ្មោះ ប៉ែន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិកំពង់លួង ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ រួមដំណើរនឹងឈ្មោះ ពិល ចិន្តា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយគ្នា​ និងមានឌុបកូនស្រី ឈ្មោះ ហេង សុនីតា អាយុ៣ឆ្នាំ បើកក្នុងល្បឿនលឿនទិសដៅស្របគ្នា បានជ្រុលចង្កូតមកបុកគូថរថយន្តហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យកូនស្រីស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ចំណែក២នាក់ទៀតរបួសស្រាល។រីឯម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ រថយន្តម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...