ព័ត៌មានជាតិ

ចោរមួយក្រុម វាយប្លន់ម៉ូតូ បុគ្គលិកសណ្ឋាគាសុខា២នាក់ បានដោយសុវត្ថិភាព!

ភ្នំពេញ: យុវជន២នាក់ ខណ:កំពុងជិះម៉ូតូមកយកសង្សារ ត្រូវបានជនសង្ស័យ មួយក្រុមយកដំថ្មវាយប្លន់បង្កឲ្យមានរបួស រួចយកម៉ូតូបានសម្រេចជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីយប់ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយដល់មុខសាច់អាំង សែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានគ្នា២នាក់ ទី១មានឈ្មោះ សុស ហ្សា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគាសុខា ស្នាក់សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ និងទី២ឈ្មោះ ហ្វា រ៉ុក អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅភូមិឃុំជាមួយគ្នា។

តាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZOOMERX ពណ៌ទឹកក្រូច លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-8738 បានជិះចេញពីផ្ទះបំណងមកយកសង្សារបានជិះតាមបណ្តោយផ្លូវសហពន្ធ័រស្ស៊ីទិសដៅពីកើតមកលិច លុះជិះមកដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះសង្សារ ហើយស្រាប់តែលេចមុខជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿង បានមកពីក្រោយបានកៀររូបគាត់ទាំង២នាក់ឲ្យឈប់ ហើយយកដំថ្មវាយមកលើជនរងគ្រោះធ្វើឲ្យអ្នកទាំង២នាក់បានគេចចេញពីម៉ូតូរបស់ខ្លួនធ្វើឲ្យជនសង្ស័យមានឱកាសលើកយកម៉ូតូរូបគាត់ជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះដាក់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់