ព័ត៌មានជាតិ

គ្រាន់តែដឹងថារោងចក្រដូរថៅកែថ្មី មិនធ្វើតាមច្បាប់ការងារ កម្មករធ្វើបាតុកម្មបិទផ្លូវវ៉េងស្រេង

​ភ្នំពេញ: កម្មករកម្មការិនីចំនួនជាង៥០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រផលិតស្បែកជើងយីហោ «ម៉េងដាហ្វ៊ូតវៀរ អ៊ីនដាសស្ទ្រៀល កូអិលធីឌី»បានធ្វើបាតុកម្មបិទផ្លូវវ៉េងស្រង បង្កឲ្យមានការកកស្ទះចរាចរណ៍ជាង១ម៉ោង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខរោងចក្រមួយនោះ ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្មករខាងលើបាននិយាយឲ្យដឹងថា ពួកគេធ្វើបាតុកម្មបិទផ្លូវខាងលើនេះបន្ទាប់ពីបានដឹងថា រោងចក្រមួយនោះមានការផ្លាស់ប្ដូរ ថៅកែថ្មី ដោយមិនបានជូនដំណឹងឲ្យកម្មករបានដឹងជាមុន និងមិនបានទូទាត់ប្រាក់អតីភាពការងារ និងប្រាក់បំណាច់ផ្សេងៗឲ្យពួក គេទាំងអស់គ្នាឡើយ។ នេះគឺជាការរំលោភច្បាប់ពីសំណាក់ក្រុមហ៊ុន ដែលតាមច្បាប់មុននិងមានការរុះរើឬផ្លាស់ប្ដូរថៅកែនិងឈ្មោះ តោងចក្រ ក្រុមហ៊ុនត្រូវតែជូនដំណឹងដល់កម្មករជាមុន ឬទូទាត់ប្រាក់បំណាច់និងប្រាក់អតីតភាពការងារផ្សេងៗ ដែលកម្មករត្រូវនទទួលបានជាមុនសិន បើមិនដូច្នោះទេមិនបានឡើយ។ ចំណែករោងចក្រមួយនេះមិនបានធ្វើៗទៅតាមច្បាប់ ការងារដែលបានចែងមកទេ ទើបបណ្ដាលឲ្យផ្ទុះការតវ៉ាពីសំណាក់កម្មករទាំងអស់បែបនេះតែម្ដង។

កម្មករបានបន្តទៀតថា ពេលនេះពួកគេបានទារតែមួយចំណុចទេ គឺឲ្យថៅកែទូទាត់ប្រាក់បំណាច់និងអតីតភាពការងារ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៨ ជូនដល់ពួកគេទារណងអស់គ្នា ទៅតាមច្បាប់ការងារដែលរោងចក្រផ្លាស់ប្ដូរថៅកែថ្មីនេះ។ ម្យ៉ាងទៀត ថៅកែបានធ្វើការគាបសង្កត់កម្មករគ្រប់បែបយ៉ាងថែមទៀតផង ហើយត្រូវតែបញ្ឈប់ការគាបសង្កត់តទៅទៀត ហើយដោយសារតែ បែបនេះទើបនាំគ្នាបះបោរតែម្ដង។ មិនតែប៉ុណ្ណោះពួកគេសង្ឃឹមថាថៅកែនិងយល់ព្រមតាមការទាមទារខាងលើនេះ ហើយបើគ្មាន ការដោះស្រាយនោះពួកគេនិងបន្តធ្វើការតវ៉ា មិនឈប់ទេនិងបន្តបិទផ្លូវទៀតហើយ។

ទាក់ទិនទៅនិងការដែលកម្មករធ្វើការតវ៉ា ដោយការបិទផ្លូវខាងលើនោះលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅជួបធ្វើការសម្របសម្រួល ជាមួយកម្មករហើយរហូតរយ:ពេល១ម៉ោង ក្រោយមក ទើបកម្មករកម្មការិនីទាំងនោះព្រមបើកផ្លូវឡើងវិញ ។ ដោយដកថយចូលទៅកាន់បរិវេណរោងចក្រវិញ រង់ចាំតំណាងកម្មករជួបធ្វើ ការដោះស្រាយគ្នាជាមួយថៅកែ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខណ្ឌ នគរបាល កងរាជអាវុធហត្ថ និងមន្រ្តីមកពីស្ថាប័ន ពាក់ព័ន្ធនានាផងដែរ៕

មតិយោបល់