Post News Media ព័ត៌មានជាតិ តុលាការសម្រេច...

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ដែលយកកាំបិតអារ.កប្រពន្ធ នៅរសៀលនេះ

ភ្នំពេញ: យោងតាមសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ម៉េង តូនី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ដែលយកកាំបិតប៉័ងតោអារ.កប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃ ស ដើម្បីបន្ដនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបានបញ្ជាក់ថា លោក កុល បុន តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ រី ភារ: ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

ចំណែកស្ដ្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ញ៉ាញ ស្រីម៊ុំ អាយុ ៤០ ឆ្នាំ ស្នាក់នៅផ្ទះជាមួយជនសង្ស័យខាងលើ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសជាប់ចោទជាប្តីខាងលើ ខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកស៊ី ខ្លាំងពេក ក៏ស្ទុះទៅយកប៉័ងតោអារ.កប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនជាប់ចោទបាន យកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្តង៕

Loading...