Post News Media ព័ត៌មានជាតិ កំពូលអ្នកកត់ក...

កំពូលអ្នកកត់កន្ទុយលេខ ធ្លាប់ជាប់ពន្ធនាគារបាន១ខែ ចេញមកវិញកត់ទៀត នគរបាលក្រុងតាខ្មៅចាប់ម្តងទៀត!

កណ្តាល: កំពូលអ្នកកត់កន្ទុយលេខមិនចេះរាងចាល ធ្លាប់ជាប់ពន្ធនាគារបានរយ:ពេល១ខែប៉ុណ្ណោះ ចេញមកវិញ នៅតែបន្តកត់ទៀត ត្រូវបាននគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួនជាលើកទី២។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា: ជនល្មើសមានឈ្មោះ អ៊ូច គារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោតខ្មែរ។

វត្ថុតាងចាប់យក ម៉ាស៊ីនគិតលេខចំនួន១គ្រឿង ក្រដាសកត់ឆ្នោតខ្មែរ រួចចំនួន១សន្លឹក សេរីលទ្ធផលឆ្នោតខ្មែរចំនួន២ដុំ ក្រដាសសម្រាប់កត់ឆ្នោតចំនួន៥ដុំ ប៊ិចចំនួន១០ដើម បៀនីឡុងចំនួន១ហ៊ូ កន្ត្រៃចំនួន១ ឧបករណ៍សម្រាប់កឹបចំនួន១ និងប្រាក់រៀលចំនួន១១៥៣០០រៀល។

លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានចុះបង្រ្កាបកន្លែងកត់ឆ្នោតវៀតណាម និងឆ្នោតខ្មែរខុសច្បាប់នៅចំណុចផ្សារតាខ្មៅថ្មី ឃាត់ខ្លួនជនល្មើសបានម្នាក់រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី
ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនល្មើសឈ្មោះ អ៊ូច គារិទ្ធ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោតខ្មែរ ពីបទ”បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់” តាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់៕

Loading...