ព័ត៌មានជាតិ

ស្រវឹង បើករថយន្តបុកគេពេញផ្លូវ ព្យាយាមបើករត់ទៀត !

ភ្នំពេញ: បុរសម្នាក់ស្រវឹងបើករថយន្តកាមរីឆ្លាមមួយគ្រឿង ទៅកៀរម៉ូតូនិចដែលធ្វើដំណើរស្របទិសគ្នាហើយព្យាយាមបើករត់គេច ក៏ជ្រុលទៅបុកម៉ូតូរម៉កកង់បីមួយគ្រឿងទៀត និងជ្រុលទៅបុកអ្នកថ្មើរជើងម្នាក់ទៀតបណ្តាលឲ្យរងរបួសបាក់ជើង ហើយរថយន្តជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ត្រង់ចំណុច ខាងមុខហាងផឹកស៉ីយីហោ ហ្វែនស៉ី តាមបណ្តោយផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រី២នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GP-4041 ដោយធ្វើដំណើរតាមបណ្តោយ២៦១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក កាមរីឆ្នាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-4229 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង មកពីក្រោយរួចក៏ជ្រុលទៅបុកទៅកៀរម៉ូតូខាងលើបណ្តាលឲ្យម៉ូតូរងការខូចខាត រីឯអ្នកបើកបររងរបួសស្រាល។

ភ្លាមៗនេះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានេះទេ គឺព្យាយាមបើករត់គេចខ្លួនហើយក៏ត្រូវបានជនរងគ្រោះលើម៉ូតូជិះដេញតាមពីក្រោយ រួចក៏ជ្រុលទៅបុកម៉ូតូរម៉កកង់បីមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់រួមដំណើរពីក្រោយ តាមបណ្តោយផ្លូវ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូរម៉កកង់បីរងការខូចខាតបន្តិចបន្តួច រីឯនាក់បើកបររងរបួសស្រាល។ តែរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុកបុរសវ័យជាង៣០ឆ្នាំម្នាក់ ក្នុងចំណោម៤នាក់ដែលដើរនៅលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរងរបួសបាក់ខាងស្តាំចណែក៣នាក់រងរបួសស្រាល ហើយរថយន្តបង្កក៏បន្តទៅបុករបងផ្ទះគេបណ្តាលឲ្យបែកបន្តិចបន្តួចទៅមុខលែងរួច។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុបុរសរងគ្រោះដែលជាអ្នកថ្មើរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯគ្លីនិកឯកជន បន្ទាប់មកក៏ឃើញមានតំណាងភាគីខាងរថយន្តបង្ក បានចេញមុខមកដោះស្រាយ ដោយព្រមចេញសំណងចំនួន៧០ដុល្លារឲ្យទៅភាគីខាងម៉ូតូ និងព្រមចេញសំណងចំនួន១០ម៉ឺនរៀលឲ្យទៅភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
ដោយឡែករថយន្តបង្ករួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះក៏ដូចជាម្ចាស់ផ្ទះនៅពេលក្រោយ៕

មតិយោបល់