ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ជ្រុលចង្កូតបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសស្លាប់ នៅតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តបើកបុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅលើផ្លូវជាតិលេខ៣ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣-៤ ភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ​ ណុប ជ្រីប ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បើកម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគីស្មាស់វី ពាក់ស្លាកលេខតាកែវ 1I-7759 និងរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0899 ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះបានធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗតែម្តង ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់