ព័ត៌មានជាតិ

ទាស់សម្តីគ្នារឿងបង់ត្រី យកកាំភ្លើងខ្យល់គំរាមបាញ់សម្លាប់ ជាប់ខ្នោះបានសម្រេច!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងសម្លាប់បុរសម្នាក់ ដោយប្រើកាំភ្លើងខ្យល់។

ជនរងគ្រោះមានឈ្មោះ អុន ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រៃកាហៀច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចណែកជនសង្ស័យមានឈ្មោះ សាំង សេង ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងជំនាញសមត្ថកិច្ច បានកោះហៅឈ្មោះ សាំង សេង ដែលជាជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាល ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឈ្លោះទាស់ទេងជាមួយ ឈ្មោះអុន ស៊ីន ពិតមែនពីរឿងបង់ត្រី ព្រមទាំងយកកាំភ្លើងខ្យល់កែច្នៃ មកគំរាមបាញ់សម្លាប់ទៅលើឈ្មោះ អុន ស៊ិន ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង រួចបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់