ព័ត៌មានជាតិ

រថយន្ដដឹកខ្សាច់ ស្លាកលេខខេមរភូមិន្ទ ដឹកលើសចំណុះផុងលូ ក្រឡាប់បះជើង!..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្ត ១គ្រឿង ដឹកខ្សាច់លើសចំណុះផុងលូ ក្រឡាប់បះជើង សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០០២ កែងផ្លូវបេតុងក្រុម២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកបើករថយន្តឈ្មោះ តឹក សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តបែនដឹកខ្សាច់ពណ៌ត្រេអ៊ី ម៉ាកHINO ពាក់ស្លាកលេខ ខេមរភូមិន្ទ02- 3-2914 បើកដឹកខ្សាច់មកតាមផ្លូវ២០០២ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ស្តាំ មកផ្លូវបេតុងវិញ ស្រាប់តែផុងនិងបាក់លូ ស្រុតចុះបណ្តាលឲ្យរថយន្តខាងលើ ក្រឡាប់បះជើងឡើងលើច្រង៉ាងតែម្តង តែសំណាងល្អមិនមានអ្នករងរបួសឡើយ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្នុងករណីខាងលើនេះតម្រូវឲ្យម្ចាស់រថយន្ត មកស្ទូចឡើង ហើយបើករថយន្តខាងលើយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បណ្តោះអាសន្នសិន រង់ចាំឲ្យម្ចាស់រថយន្តបង្កធ្វើការជួសជុលលូថ្មីឲ្យហើយ ទើបប្រគល់រថយន្តជូនម្ចាស់វិញ៕

មតិយោបល់