ព័ត៌មានជាតិ

ចោរវ័យក្មេង ចេញឆក់លើកដំបូង គេចមិនរួច ដេកពេទ្យស្អាត!..

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាកIPhone 6 ពីយុវតីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែរត់មិនរួច ត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញធាក់ដួលម៉ូតូរងរបួសធ្ងន់ ចូលពេទ្យនិងត្រូវចាត់ការតាមច្បាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះ១៧៩C ផ្លូវ២១៥ ក្រុម៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វុន សំណាង ហៅណាង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកយុវតីរងគ្រោះមានឈ្មោះ វ៉ាន់ អេង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានៅភ្នំពេញ។

រីឯទូរសព្ទដៃដែលយុវតីរងគ្រោះកាន់ហើយជនសង្ស័យឆក់បានសម្រេចនោះម៉ាកIPhone 6 ពណ៌ទឹកមាស។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវតីរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿង៣នាក់ឪពុកនិងប្អូនប្រុសម្នាក់ ដោយឪពុកជាអ្នកឌុបចេញពីផ្ទះពោធិ៍ចិនតុង បំណងទៅផ្ទះនៅច្បារអំពៅ ហើយយុវតីរងគ្រោះជិះខាងក្រោយគេដោយដៃកាន់ទូរសព្ទមួយគ្រឿងម៉ាក IPhone 6 ពណ៌ទឹកមាសដាក់លើភ្លៅ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG 6986 តែម្នាក់ឯង ជិះពីក្រោយខាងឆ្វេងដៃជនរងគ្រោះហើយធ្វើសកម្មភាពឆក់ទូរសព្ទពីនាងបានសម្រេច ហើយជិះគេចខ្លួន ខណ:នោះនាងស្រែកថាចោរៗ ហើយអ្នកធ្វើដំណើរតាមផ្លូវចំនួន៣នាក់ជិះម៉ូតូប្រភេទអូតូដេញតាមរហូតដល់ផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ ទើបទាន់ហើយពួកគាត់បានធាក់ផ្តួលម៉ូតូជនសង្ស័យ បណ្តាលឲ្យដួលរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅពេទ្យរុស្ស៊ី។

ក្រោយកើតហេតុជនរងគ្រោះបានទួលដំណឹងថាជនដែលឆក់ទូរសព្ទរបស់ខ្លួនដួលម៉ូតូ សម្រាកនៅមន្ទីពេទ្យរុស្ស៊ី ហើយពេលទៅមើលមុខស្គាល់ច្បាស់ថាជាជនសង្ស័យខាងលើហើយក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ទូរសព្ទរបស់ជនរងគ្រោះដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំដោយមានការឯកភាពពីលោក សឿន មុនីរ័ត្ន ព្រះអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើលើកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរុស្ស៊ីក្រោយពីសង្គ្រោះសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់