Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនប្រុ...

ឃាត់ខ្លួនប្រុសស្រី២នាក់ ដកហូតកេតាមីន(ខេ)៤៦កញ្ចប់ និងថ្នាំគ្រវី៦២គ្រាប់ នៅក្រុងសៀមរាប!

សៀមរាប: លោកឧត្តមសេនីយ៍ត្រី អុំ អមរ៉ា ស្នងការរងខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើស បានប្រាប់Post Newsថា មានករណីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកនិងជួញដូរ ខុសច្បាប់នូវសារធាតុញៀន។

ការចុះបង្ក្រាបខាងលើនេះ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១២និង១០នាទីរំលងអាត្រាធ្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក និងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទី១មានឈ្មោះ ញឹម សុភឺន ហៅលីរឺវី ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ខេតសៀមរាប និងទី២មានឈ្មោះ ខាត់ ស៊ីណារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចជំនាញធ្វើការដកហូត រួមមាន ម្សៅក្រាមពណ៌ស ប្រភេទកេតាមីន(ខេ) សរុបចំនួន៤៦កញ្ចប់ មានទម្ងន់១១.៤ក្រាម ថ្នាំគ្រាប់ប្រភេទអ៊ិចស្តាស៊ី(ថ្នាំគ្រវី) សរុបចំនួន៦២គ្រាប់ មានទម្ងន់១៦.១ក្រាម ថ្នាំទឹកប្រភេទកេតាមីនចំនួន៥ដប ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង សម្ភារវេចខ្ជប់គ្រឿងញៀនមួយចំនួន និងទូរសព្ទដៃចំនួន៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...