ព័ត៌មានជាតិ

បងប្អូនបង្កើតផឹកសីុឈ្លោះគ្នា កាប់របួសធ្ងន់ អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ

កណ្តាល: អំពើហិង្សាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណ:ដែលបងប្អូនបង្កើតផឹកសីុជាមួយគ្នា ពេលស្រវឹងរៀងៗខ្លួន បានដេញកាប់គ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច៖ ទំនប់៣៨ ភូមិ​​ព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលជំនាញព្រហ្មទណ្ឌស្រុកកោះធំ បានឲ្យដឹងថា: ជនរងគ្រោះឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់ក្ដោងច្រមុះ និងដៃខាងស្ដាំ ។ជនសង្ស័យឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរ នេសាទ (ឃាត់ខ្លួន)។ សម្ភារ:វត្ថុតាង ៖ កាំបិតបុ័ងតោ ចំនួន១ ។

មុនពេលកើតហេតុខាងលើ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា១០យប់ ជនរងគ្រោះ ឃ្លិន តេង និង ជនសង្ស័យ ឃ្លិន ផេង (បងប្អូនបង្កើត) បានផឹកស្រាថ្នាំជាមួយគ្នា នៅទំនប់៣៨ ។ លុះរហូតដល់ពេលកើតហេតុខាងលើ ជនរងគ្រោះ បានដេញឲ្យជនសង្ស័យត្រឡប់ទៅផ្ទះ ព្រោះពេលយប់ជ្រៅហើយ តែជនសង្ស័យមិនទៅ និងបានទាញយកបារីពីជនរងគ្រោះមកជក់ តែជនរងគ្រោះមិនឲ្យ និងបានវាយទៅលើជនសង្ស័យជាប្អូនមួយដៃ ធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរទៅផ្ទះម្ដាយដែលនៅក្បែរនោះ រួចបានយកកាំបិតបុ័ងតោចំនួន០១ ពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញ បណ្ដាលឲ្យត្រូវជនរងគ្រោះចំក្ដោងច្រមុះ និងដៃខាងស្ដាំរងបួសជាម្ងន់ ។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុក និងរាយការណ៍មកនគរបាលប៉ុស្ដិ៍លើកដែក ។ ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឃ្លិន ផេង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់