ព័ត៌មានជាតិ

Update៖ កុងតឺន័របុករម៉កម៉ូតូកង់បីនិងកិន បណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លាប់យ៉ាងរន្ធត់!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលោម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផឹង ដង អាយុ៥៩ឆ្នាំ មានមុខរបរជាអ្នករត់រម៉កកង់បី បច្ចុប្បន្នស្នាក់ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរម៉ក់កង់បីរបស់ជនគ្រោះ បើកបរក្នុងទិសដៅពីកើតទៅលិច ដែលជាផ្លូវបែកជាបួន ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ3B-4559 បើករបរដោយបុរសម្នាក់ក្នុងទិសដៅត្បូងទៅជើង ស្រាប់តែបុកម៉ូតូរម៉កកង់បី បណ្តាលឲ្យបុរសខាងលើដួល ហើយរថយន្តបានបន្តបុកកិនបុរសនោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងមួយរំពេចតែម្តង។ ហើយរថយន្តបង្កនោះបានព្យាយាមបើករត់គេចបានប្រមាណជាង៥០ម៉ែត្រទៅបុកនឹងខឿនផ្លូវទៅមុខលែងរួចទើបប្រជាពលរដ្ឋឃាត់រថយន្តនិងតៃកុងទៅឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យករថយន្តនិងរម៉កកង់បីខាងលើទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌដង្កោ។ ចំណែកសពសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំពោះតៃកុងរថយន្ត ត្រូវបានសមត្ដកិច្ចនាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់