ព័ត៌មានជាតិ

ចឹងក៏ឆក់ដែរ! សិស្សសាលាពីរនាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខណ្ឌអូរឫស្សី៤ និងខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកមួកកាតិប​ពីអ្នកលក់ម្នាក់បានសម្រេច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង២៥នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧
ស្ថិតនៅមុខផ្ទះលេខ១២០ (អឺសារ៉ូ) ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១. ឈ្មោះ ក្រិត វណ្ណថី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះ ផាត់ យូហាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ឧត្តម ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចជំនាញធ្វើការដកហូត រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1DM-2646។

មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង១០នាទីយប់​ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានធ្វើសកម្មភាពឆក់មួកពីជនរងគ្រោះ នៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចបើកម៉ូតូគេចខ្លួន ខណ:នោះជនរងគ្រោះ បានជិះម៉ូតូតាមពីក្រោយ ហើយស្រែកថាចោរៗ លុះមកដល់ចំណុចកើតហេតុ ទើបកម្លាំងល្បាតអធិការដ្ឋាន ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ភ្លាមៗតែម្តង។

បច្ចុប្បន្នសមត្ថកិច្ច បាននាំយកជនសង្ស័យ និងវត្ថុតាង មកអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់