Post News Media ព័ត៌មានជាតិ ក្មេងស្ទាវមួយ...

ក្មេងស្ទាវមួយក្រុមរាំឌឺដាក់គ្នា ពួនចាំស្ទាក់វាយ ត្រូវសមត្ថកិច្ចឃាត់បាន២នាក់!

ភ្នំពេញ: ក្រុមក្មេងទំនើងមួយក្រុមសុទ្ធតែជាយុវជនមានគ្នា៥ទៅ៦នាក់ខឹងគេរាំឌឺនៅក្រៅវង់ចាំស្ទាក់វាយ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន២នាក់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅកន្លែងតាំងពិព័រណ៍ ខ្មែរ-ថៃ ក្នុងដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនប៉ុន្តែមិនបានស្គាល់ឈ្មោះនោះទេ។ ចំណែកជនរងគ្រោះមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទី១.ម៉ាកស៊ុយសូគីឡេត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DD-5841 និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GA-7516។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាមកមើលគេតាំងពិព័រណ៍ផលិតផលខ្មែរ-ថៃ នៅដីវាលភូមិខាងលើ និងមានក្លឹបកម្សាន្ត រាំកម្សាន្តដោយលក់សំបុត្រសំរាប់ចូលរាំ ហើយពួកគាត់មានគ្នា៤នាក់ចូលមករាំ ប៉ុន្តែក្លឹបនោះពេញចង្អៀតពេក ចូលមិនចុះ ហើយបាននាំគ្នាទាំង៤នាក់ខាងលើ រាំខាងក្រៅក្លឹបយ៉ាងសប្បាយ ហើយមិនអស់លុយផង ខណ:ពេលកំពុងរាំៗ ស្រាប់តែឃើញពួកជនបង្កខាងលើ បានឈរនៅក្បែនៅខាងក្រៅក្លឹបមានគ្នាប្រមាណ៥ទៅ៦នាក់បានឈរឌឺដង ដាក់ពួកគាត់ តែមិនបានវាយគ្នាឡើយ ។ លុះកម្មវិធីបានចប់ យុវជននឹងយុវនារីទាំងឡាយបាននាំគ្នាចេញ បន្ទាប់មកភាគីរងគ្រោះខាងលើបានជិះម៉ូតូចេញមកក្រៅ ស្រាប់តែភាគីបង្កបាននាំគ្នាលោតធាក់ម៉ូតូពួកគាត់ដែលកំពុងបើកចេញ បណ្ដាលឲ្យដួលហើយភាគីបង្កបាននាំគ្នាដេញវាយភាគីរងគ្រោះបណ្ដាលឲ្យត្រូវ២ទៅ៣ដៃម្នាក់ៗ បណ្ដាលឲ្យរងរបួសស្រាល ហើយម៉ូតូខូចខាតស្តុបខាងមុខ ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលប៉ុសិ៍តចោមចៅ២ឃាត់បាន២នាក់ផងដែរ ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២បានឲ្យដឹងថា នៅមុននឹងបន្តិចនៅក្នុងនៅក្នុងទីតាំងពិព័រណ៍ខាងលើ ដោយមានករណីហិង្សាម្តងរួចមកហើយ ដោយយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពេទ្យឯកជនជិតកន្លែងកើតហេតុ តែដោយសាររបួសធ្ងន់ពេកត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត និងឃាត់ខ្លួនជនបង្កដេញវាយគ្នានៅតាមផ្លូវជាហ្វូងៗ ហើយបានឃាត់ជនបង្ក២នាក់ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ ជនបង្ក២នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ២ យកទៅប៉ុស្តិ៍ភ្លាមៗផងដែរ បន្ទាប់មកភាគីរងគ្រោះទាំង៤នាក់មិនបានប្តឹងទេ គ្រាន់តែឲ្យភាគីបង្កសងថ្លៃជួសជុលម៉ូតូដែលខូចខាតចំនួន១០០ដុល្លារ និងឲ្យសមត្ថកិច្ចធ្វើការអប់រំ ។ បន្ទាប់មកសមត្ថកិច្ចហៅអាណាព្យាបាលឲ្យមកធ្វើកិច្ចសន្យា និងឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

Loading...