Post News Media ព័ត៌មានជាតិ កាត់ទោសបុរសជន...

កាត់ទោសបុរសជនជាតិជប៉ុនម្នាក់ និងខ្មែរ២នាក់​ រឿង​ នាំស្ត្រីខ្មែរទៅលក់នៅប្រទេសជប៉ុន

ភ្នំពេញ:​ នៅព្រឹកថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៧​នេះលោក​ វេង​ ហត់​ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ បានបើកសវនាការជាអសាធារណ:​ កាត់ទោសបុរសជនជាតិជប៉ុនម្នាក់ និងជនជាតិខ្មែរប្រុសស្រី ២នាក់​ រឿង​ នាំស្ត្រីខ្មែរទៅលក់​ ឲ្យផ្ទះបននៅប្រទេសជប៉ុន​ ដើម្បីបម្រើសេវាផ្លូវភេទ។

លោក​ គុជ​ គឹមឡុង​ ជាតំណាងអយ្យការបានចោទប្រកាន់​ ពីបទ​ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ចន៍​ ប្រព្រឹត្តកាលពីអំឡុងខែ​សីហា​ ឆ្នាំ២០១៦​ យោងតាមមាតត្រា​ ១២ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ​ លើជនជាប់ចោទ៖
-ទី១ឈ្មោះ​ FUKUI SUSUMU ភេទប្រុសអាយុ​ ៥២ឆ្នាំ​ ជាជនជាតិជប៉ុន
-ទី២ឈ្មោះ លឹម លក្ខិណា ហៅអាណែត ភេទស្រី អាយុ​ ២៨ឆ្នាំ​ ជាជនជាតិខ្មែរ
-និងទី៣ឈ្មោះ សេង ចាន់ឌី ហៅខេនឌី ភេទប្រុស អាយុ​ ៣០ឆ្នាំ​ ជាជនជាតិខ្មែរ​ (ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ​ ក្រោយពេលតុលាការសម្រេចឃុំខ្លួនបានមួយរយ:)

នៅក្នុងសវនាការនាព្រឹកថ្ងៃទី៤​ ធ្នូ​ នេះ​ គឺមានវត្តមានដើមបណ្ដឹង​ដែលជាជនរងគ្រោះ​ ចំនួន​ ៥នាក់​ និងជនជាប់ចោទ​ ជនជាតិជប៉ុន​ និងស្ត្រីខ្មែរ​ ចំនួន​ ២នាក់​ប៉ុណ្ណោះដោយជនជាប់ចោទឈ្មោះ​ សេង ចាន់ឌី ហៅខេនឌី​ មិនចូលរួមឡើយ​ ដោយឱ្យមេធាវីមកជាតំណាង​នៅក្នុងសំណុំរឿង​ ឧក្រិដ្ឌមួយនេះ។

យោងតាមសមត្ថកិច្ចនៃមន្ទីរប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់បាន សារភាពនៅក្នុងសវនាការថា ពួកគេពិតជាបាន ប្រកាសជ្រើសរើស និងបញ្ជូននារីរងគ្រោះ ចំនួន ១០នាក់ទៅប្រទេសជប៉ុន មែន ប៉ុន្តែរឿង លក់ស្ដ្រីរងគ្រោះឲ្យផ្ទះបន ពួកគេមិនបានដឹងនោះទេ គឺខាងថៅកែនៅប្រទេសជប៉ុនជាអ្នកធ្វើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីពេលចាប់ខ្លួន​ជនជាប់ចោទ​ បានបញ្ជាក់ថា​ ក្រុមជនជាប់ចោទបានរួមគំនិតគ្នា លួងលោម និងបោកបញ្ឆោតនាំនារីខ្មែរ ចំនួន​ ១០នាក់ឲ្យទៅធ្វើការនៅប្រទេសជប៉ុន​ ដោយឲ្យប្រាក់ខ្ចីមុនក្នុងម្នាក់​ៗ​ ៥០០ដុល្លារ​។​

ក្រុមជនជាប់ចោទ​ បានសន្យាផ្តល់ការងារដល់ជនរងគ្រោះ​នៅប្រទេសជប៉ុន​ ដែលមានប្រាក់ខែចាប់ពី​ ៣៥០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុង១ខែ។​

មិនដូចអ្វីដែលបានសន្យាឡើយ​ ក្រុមជនជាប់ចោទទាំង៣នាក់ បាននាំនារីរងគ្រោះយកទៅលក់ឲ្យផ្ទះបន ដើម្បីបម្រើផ្លូវភេទទៅវិញ។

ក្រោយមកក្រុមនារីរងគ្រោះបាននាំគ្នាទៅប្ដឹងសមត្ថកិច្ចឲ្យជួយរំដោះចេញពីបននោះបាន និងត្រូវបានអាជ្ញាធរកម្ពុជាជួយនាំមកប្រទេសកំណើតវិញ។

គួររំលឹកថា លោក លាង សំណាត់ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើកាលពី រសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧។

ទោះជាយ៉ាងណា ដោយសារពេលវេលាមិនគ្រប់គ្រាន់ សំណុំរឿងនេះត្រូវតុលាការសម្រេចលើកពេលទៅបន្ដសវនាការនៅពេលក្រោយទៀត៕

Loading...