ព័ត៌មានជាតិ

ខាតដើម ខាតចុងហើយលោកចោរ! ឆក់កាបូបមិនសម្រេច រត់ចោលម៉ូតូ!

ភ្នំពេញ: ប្ដីប្រពន្ធ២នាក់ ក្រោយពីលក់ដូររួចបានឌុបប្រពន្ធត្រឡប់ទៅផ្ទះ ស្រាប់តែលេចមុខក្រុមចោរ ដៃស្អិតមួយក្រុម បានឆក់កាបូបស្ពាយរបស់គាត់តែមិនបានសម្រេច ត្រូវបានជនរងគ្រោះជិះបំបុកម៉ូតូមួយគ្រឿងទៀតដែលជិះបិទគូថចំពីក្រោយ បណ្ដាលឲ្យដួលនិងស្រែកខ្លាំង ធ្វើឲ្យចោរភ័យ រត់បាតជើងសព្រាតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ នាង មិញឆេង អាយុ២៣ឆ្នាំ មុខរបរបើកហាងលក់ដូរទល់មុខធានាគាកាណាឌីយ៉ាជិតអូឡាំពិក ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកប្ដីមានឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា។

មុនពេលកើតហេតុ រូបគាត់និងប្ដីក្រោយ មកពីលក់ដូរ រួចក៏បានបិទហាងត្រឡប់ទៅផ្ទះ ដោយបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 1AA-8170 លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មានឌ្រីមសង់មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ស៊ុយគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BY-5683 បើកមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបរបស់គាត់ តែសំណាងល្អគាត់ទាញមកវិញ និងបានបើកម៉ូតូដេញបំបុកម៉ូតូដែលបិទគូថពីក្រោយ បណ្ដាលឲដួលម៉ូតូទាំង២គ្រឿង ទើបជនសង្ស័យទាំងនោះភ័យនាំគ្នារត់គេចខ្លួនអស់តែម្តង ៕

មតិយោបល់