Post News Media ព័ត៌មានជាតិ ផឹកស្រវឹង បែក...

ផឹកស្រវឹង បែកគំនិតលួចរថយន្តម្តាយ បើកដើរលេងពន្លះក្បាលនាគពុះចែកទ្រូវផ្លូវ!

​ភ្នំពេញ: យុវជនម្នាក់ផឹកស្រារហូតដល់ស្រវឹង បែរជាបែកគំនិតលួចរថយន្តរបស់ម្តាយយកទៅបើកដើរលេង បណ្តាលឲ្យរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១ផ្ទាំង។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូជាតិលេខ៤ ទល់មុខKTVហុងកុង ស្ថិតភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RX៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-7468 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅលិចទៅកើត លុះបើកមកចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែក ផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច និងបែកធុងទឹក ចំណែកឯក្បាលនាគពុះចែកផ្លូវវិញបាក់ចំនួនមួយផ្ទាំង។

តាមសម្ដីម្តាយយុវជនខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ផឹកស្រាស្រវឹងបានលួចរថយន្តយកបើកដើរលេង ដោយមិនមានប័ណ្ណបើកបរទេ ខណ:មកដល់ចំណុចកើតហេតុបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ក្រោយពេលកើតហេតុ បានទូរសព្ទហៅឪពុកម្តាយឲ្យមកមើលរថយន្តដែលជារបស់ម្តាយមកដល់កន្លែងកើតហេតុ បានប្រាប់ឲ្យយុវជនជាអ្នកបើករថយន្តបង្កជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាំងមេឃកំពុងតែភ្លៀងភ្លាមផងដែរ បានហៅជំនាញចរាចរណ៍ខណ្ឌចុះមកដល់ និងប្រគល់ឲ្យជំនាញចរាចរណ៍រាជធានីស្ទួចរថយន្តយកទៅរក្សាទុករង់ចាំម្ចាស់មកដោះស្រាយ ចំណែកកូនជាអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង៕

Loading...