ព័ត៌មានជាតិ

ក្មេង៣ឆ្នាំឈ្លោះគ្នា ឪពុកបញ្ចេញកំហឹងជំនួសត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញ: បុរសម្នាក់ត្រូវបានអនាព្យាបាលក្មេងប្រុសម្នាក់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះបានប្រើហិង្សាយកប៊ិចចាក់ដៃក្មេងប្រុសរងគ្រោះ ព្រោះតែជម្លោះរវាងក្មេង និង ក្មេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចសាលារៀនប្រាយថាម ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ។

ជនសង្ស័យខាងលើមានឈ្មោះ ប្រាក់ ចាន់តូ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល
ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្តាយក្មេងរងគ្រោះ ឈ្មោះ សាន សុខឡាយ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានកំពុងធ្វើការរោងចក្រ លុះពេលកើតហេតុ ស្រាប់តែគ្រូបង្រៀនសាលាប្រាយថាម បានខលប្រាប់ថា កូនគាត់បានយកខ្មៅដៃចាក់ក្មេងម្នាក់ទៀតឲ្យរងរបួស។ ភ្លាមនោះរូបគាត់ក៏បានសុំច្បាប់រដ្ឋបាលមកមើល ខណ:មកដល់សាលា ក៏ជួបជនសង្ស័យជាឪពុកក្មេងដែលត្រូវកូនគាត់ ហើយគាត់ក៏សុំមើលដៃ តែដោយសារតែក្មេងនោះយំពេក មិនបានមើល ស្រាប់តែកូនរបស់គាត់រត់មក ពេលនោះរូបគាត់បានមើលដៃកូន ស្រាប់តែឃើញមានស្នាម២កន្លែង។

បន្ទាប់មកបុរសជាជនសង្ស័យបានឆ្លើយថា រូបគាត់ជាអ្នកចាក់ ភ្លាមនោះបុរសជនសង្ស័យបម្រុងនឹងស្ទុះមកវាយរូបគាត់ តែមិនបានវាយទេ រួចក៏ជេប្រមាថម្តាយគាត់ទៀត។ ក្រោយមករូបគាត់ក៏បានរត់មកប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ លុះព្រឹកថ្ងៃទី៥ខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកប៊ិចចាក់ដៃក្មេងរងគ្រោះឲ្យរងរបួសពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត៕

មតិយោបល់