ព័ត៌មានជាតិ

ប្តូរផ្តាច់ណាស់! ជិះរម៉កដឹកបន្លែតាំងពីខេត្តកណ្តាល មកទិញគ្រឿងញៀនដល់ភ្នំពេញ!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចាប់ឃាត់ខ្លួន ខណ:ដែលធ្វើការដើរល្បាតហើយបានប្រទះឃើញឈររេរា ដោយមានការសង្ស័យក៏ហៅសួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ១កញ្ចប់តូចលាក់ទុកក្នុងហោប៉ៅអាវ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៧B ផ្លូវលេខ៥០៨ស្ទួន ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សៀន ជឿន អាយុ ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការដើរល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនក៏បានប្រទះឃើញបុរសជនសង្ស័យកំពុងតែឈររេរា ដោយមានការសង្ស័យក៏ហៅសួរនាំ និងធ្វើការឆែកឆេរប្រទះឃើញម្សៅក្រាមព៌ណសថ្លាចំនួន ១កញ្ចប់តូចលាក់ទុកក្នុងហោប៉ៅអាវក៏ចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមទាំងថ្នាំញៀនចំនួន ១កញ្ចប់តូចជាវត្ថុតាង ក៏បាននាំមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីបណ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់