ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក ផ្តាច់ជីវិតជនជាតិវៀតណាម២នាក់ និងរបួសធ្ងន់ម្នាក់រួចរត់បាត់!

ភ្នំពេញ: យុវជន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ បណ្តាលឲ្យម៉ូតូដួលបោកនិងខឿនផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង៣៦៩ ស្ថិតក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ ទី១ឈ្មោះ សាក់យី ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាគ្រូបង្រៀន ស្នាក់នៅលើទូក ជាប់មាត់ទន្លេ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២ ឈ្មោះ យ៉ាង ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាងម៉ូតូស្នាក់នៅក្បែរគ្នា ។ចំណែកជនរងគ្រោះដែលរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ស៊េរីចាស់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឭសម្លេងលាន់យ៉ាងខ្លាំងនៅចំណុចកើតហេតុ ទើបនាំគ្នាចេញមកមើល ស្រាប់តែឃើញជនរងគ្រោះ៣នាក់ ដួលអូសជាមួយម៉ូតូប្រហែល១០ម៉ែត្រ បោកក្បាលនឹងថ្នល់ ស្លាប់២នាក់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយឡែករថយន្តបង្កមិនចាំម៉ាកនោះទេ ព្រោះភ្លាមៗ បានបើកគេចខ្លួនបាត់ទៅហើយ ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះដែលរបួសធ្ងន់ បានជិះម៉ូតូមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកសពរងគ្រោះទាំង២ ត្រូវបានក្រុមរថយន្តសង្គ្រោះបន្ទាន់បានចុះមកដឹកទាំងដឹងថាជនរងគ្រោះស្លាប់យកទៅមន្ទីពេទ្យ រួចហើយដឹកយកមកប្រគល់ក្រុមគ្រួសារដែលនៅក្បែកន្លែងកើតហេតុ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់