ព័ត៌មានជាតិ

អ្នកមើលថែផ្ទះ លួចពេជ្រម្ចាស់ផ្ទះជាច្រើនលើក ត្រូវគេចាប់ខ្លួនប្រគល់ឲ្យប៉ូលិស

ភ្នំពេញ: កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានទទួលជនសង្ស័យ២នាក់ ពីបទលួចគ្រឿងអលង្កកា កាលពីថ្ងៃទី៤ ខែធ្នូ២០១៧ ម៉ោង៣រសៀល នៅផ្ទះលេខ២៦ ផ្លូវ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីជនរងគ្រោះឈ្មោះ អ៉ឹម សារី ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះសុខ ហេង ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ (អ្នកលួច) និងទី២ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នកសមគំនិត) ។

មុនពេលកើតហេតុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៣រសៀល ជនសង្ស័យឈ្មោះ សុខ ហេងបានចូលក្នុងបន្ទប់ជនរងគ្រោះលួចយកខ្សែដៃដាំពេជ្រ១ខ្សែ ដែលជនរងគ្រោះដាក់នៅក្នុងប្រអប់ទុកលើពូក តែពេលនោះជនរងគ្រោះបានដឹងភ្លាមៗ ក៏សួរនាំជនសង្ស័យ រួចក៏យកខ្សែដៃមកឲ្យជនរងគ្រោះវិញ។

កន្លងមកកាលពីថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១០ ជនសង្ស័យឈ្មោះ សុខ ហេង បានលួចក្រវិលកាវដាំត្បូងពេជ្រ១គូ តម្លៃ ៣ម៉ឺនដុល្លារ ទៅឲ្យជនសង្ស័យឈ្មោះ ឆាយ សុភា យកទៅលក់ឲ្យមនុស្សប្រុសម្នាក់ បានលុយ១២០០ដុល្លារ លើកទី២ ថ្ងៃមិនចាំខែវិចិ្ឆកា ឆ្នាំ២០១៧ ម៉ោង២រសៀល ជនសង្ស័យឈ្មោះ សុខ ហេង បានលួចខ្សែកស្វារ៉េដាំត្បូងពេជ្រតម្លៃ ២ម៉ឺនដុល្លារ ទៅឲ្យជនសង្ស័យឈ្មោះ ឆាយ សុភា ទៅលក់ឲ្យមនុស្សប្រុសម្នាក់ បានលុយ ៤៥០០ដុល្លារ រួចឈ្មោះសុខ ហេង ឲ្យថ្លៃឈ្នួលលក់២០០ដុល្លារ និង១០០០ដុល្លារទៀត ឲ្យទៅឈ្មោះ ឆាយ សុភា ដើម្បីយកទៅប្រសិទ្ធីជូនម្តាយនិងពូដែលស្លាប់។ លុះដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៣ និង៣០នាទី រសៀល ជនរងគ្រោះនិងក្រុមគ្រួសារ បានហៅជនសង្ស័យឈ្មោះសុខ ហេង មកសួរនាំដឹងរឿងទាំងអស់ខាងលើ ក៏នាំជនសង្ស័យឈ្មោះសុខ ហេង និងអ្នកសម គំនិតម្នាក់ទៀតឈ្មោះឆាយ សុភា យកមក ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕

មតិយោបល់