ព័ត៌មានជាតិ

ចឹងសោះ! នៅក្មេងណាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ភ្នំពេញ:​​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម​ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកទុយោរជ័រ ពីការដ្ឋានបូបខ្សាច់មួយកន្លែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងការដ្ឋានបូមខ្សាច់ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ថៃ ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការដ្ឋានបូមខ្សាច់ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្លាមៗនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ដោយទី១ឈ្មោះ សំរិត ប៉ុណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ វុធ វត្ថា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២នាក់ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល មានជនសង្ស័យចំនួន៤នាក់​ឈ្មោះ សំរិត ប៉ុណ្ណា, វុធ វត្ថា, ចក់ រដ្ឋា និងអ៊ួង គ្រុយ បាននាំគ្នាចូលទៅលួចទុយោរជ័របូមខ្សាច់ចំនួន៣ដើម ពីកន្លែងកើតហេតុ រួចនាំគ្នាវាយបំបែកជាដុំតូចៗច្រកចូលក្នុងបាវ ខណ:នោះត្រូវបានដើមបណ្តឹងឃើញទាន់ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមនឹងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ចំណែកបក្ខពួក២នាក់ទៀត គេចខ្លួនបាត់ភ្លាមៗតែម្តង។

ក្រោយការសាកសួរចម្លើយពីជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វុធ វត្ថា អាយុ១៣ឆ្នាំ ជាអនីតិជន ទើបសមត្ថកិច្ចបានឲ្យអាណាព្យាបាលធ្វើលិខិតធានាឲ្យត្រលប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់