ព័ត៌មានជាតិ

ឃើញគេប្រើកាលីប! យុវជន២នាក់ឡើងលួច IPhone គេដល់លើផ្ទះ

កណ្តាល: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាព លួចយកទៅទូរសព្ទដៃម៉ាកអាយហ្វូនចំនួន២គ្រឿងពីបុរសម្នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ភោគ រតនា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យទី១មានឈ្មោះ សុខ ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន) ទី២ឈ្មោះ កុច សុភ័ក្រ ហៅតុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ឃាត់ខ្លួន)
និងទី៣ឈ្មោះ បូរី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(គេចខ្លួន) ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងដែលបាត់បង់ រួមមាន ទូរសព្ទដៃម៉ាកអាយហ្វូនហ្វាយអេស ពណ៌ទឹកមាស ចំនួន១គ្រឿង ទូរសព្ទដៃម៉ាកអាយហ្វូនស៊ិច(ស៊ីងហ្គាពួរ) ពណ៌ទឹកមាស បិទស្កត់ពីក្រោយពណ៌ឈាមជ្រូកចំនួន១គ្រឿង។

មុនពេលកើតហេតុ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ជនរងគ្រោះនិងប្រពន្ធបានអង្គុយមើលទូរទស្សន៍ រួចហើយក៏នាំគ្នាចូលទៅដេកលុះមកដល់វេលាម៉ោង៥និង៣៥នាទីទៀបភ្លឺ ស្រាប់តែឈ្មោះ សិទ្ធិ មុន្នី ត្រូវជាកូនរបស់ជនរងគ្រោះ បានឃើញ
ទ្វារផ្ទះខាងក្រោយបើកចំហរ ហើយមិនឃើញមានទូរសព្ទនៅលើតុនិងឃើញទូខោអាវរញ៉េរញ៉ៃ ទើបដឹងថាមានចោរចូលផ្ទះលួចយកសម្ភារ:ភ្លាមៗនោះ ជនរងគ្រោះបានទូរសព្ទ មកលោកនាយប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើអន្តរាគមន៍។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញបានចុះទៅកំណាត់មុខសញ្ញា លុះដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង១០នាទីព្រឹក ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងនាំមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្អមសំណរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលមកលួចទូរសព្ទចំនួន២គ្រឿង នៅផ្ទះជនរងគ្រោះប្រាកដមែន។

ក្រោយកើតហេតុ ជនសង្ស័យទាំង២ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់