ព័ត៌មានជាតិ

តុលាការសម្រេច ឃុំខ្លួន​បុរស២​នាក់​ ​ដែលបាញ់​នៅ​មជ្ឈ​មណ្ឌល Rock

ភ្នំពេញ:​ ទីបំផុតទៅរសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០​១៧នេះ តុលាការក្រុងភ្នំពេញបាន ចេញដីកាបង្គាប់់ឲ្យឃុំខ្លួន បុរស ២នាក់ ដែលបានបាញ់ ជនរងគ្រោះ នៅមជ្ឈមណ្ឌល Rock ជាបណ្ដោះអាសន្នសិន រងចាំបន្ដនីតិវិធីនាពេលក្រោយ។

យោងតាមលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានបញ្ជាក់តាម Telegram ថា លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបាន ចោទប្រកាន់លើឈ្មោះ កែវ​ ភិរុណ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ និងឈ្មោះ ឡ ពេជ្រសិលា​ ភេទ​ប្រុស អាយុ​ ៣៥​ឆ្នាំ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាម ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កម្លាំង​នគរបាល​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ​បាន​ឃាត់ខ្លួនជនត្រូវចោទ ទាំង២នាក់ កាលពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅ​ខេត្ត​កំពង់​ធំ។

គួររំលឹកថា កាលពីវេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ មានការបាញ់ប្រហារគ្នាមួយបង្កឡើងដោយ ជនត្រូវចោទទាំង២នាក់ខាងលើ និងបក្ខពួកម្នាក់ទៀត (កំពុងរត់គេចខ្លួន) នៅ​ក្នុង​បន្ទប់​ខារ៉ា​អូខេ នៃ​មជ្ឈ​ម​ណ្ឌ​លកម្សាន្ដ Rock ស្ថិតនៅសង្កាត់​បឹង​ត្របែ​ក ខណ្ឌ​ចម្ការ​មន នៅ​ករណីបាញ់ប្រហារមួយ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រង​របួស​ធ្ងន់៕

មតិយោបល់