ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀរថៃហ្គឺរហើយ អ្នកបើកស្រវឹងធ្លាក់ភ្នែកទៀត!

ភ្នំពេញ: បុរសម្នាក់ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនស្រាបៀរថៃហ្គឺរម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តរបស់ក្រុមហ៊ុន បុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេត១ដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខR៨ ជាប់នឹងផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនស្រាបៀរថៃហ្គឺរ បើករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ខៀវបិទស្លាកស្រាបៀរថៃហ្គឺរ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3104 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយស្រវឹងស្រាធ្លាក់ភ្នែកផងនោះ បានរេចង្កូតឡើងលើខឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួនបានប្រមាណជាង៣០ម៉ែត្រ ត្រូវបានសន្តិសុខយាមនៅគោលដៅក្បែរកន្លែងកើតហេតុខាងលើបានឃើញ ដេញចាប់បានយកមកដាក់កន្លែងកើតហេតុវិញ និងបានយកបារ៉ាស់ដាក់ពទ្ធ័ជុំវិញដើម្បីកំុឲ្យម្ចាស់រថយន្តបង្កបើករត់ទៅមុខបានទៀតខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់