ព័ត៌មានជាតិ

កាត់ទោសនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ២នាក់រឿងពុករលួយ

ភ្នំពេញ: នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះលោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ២នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់ពីអាជីវករ ដោយខុសច្បាប់។

លោក ខាំ សុផារី ជាតំណាងអយ្យការបាន ចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ ហ៊ុយ ហឿន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងទី២ឈ្មោះ ឯម កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ (នៅក្រៅឃុំ) តួនាទីជានគរបាល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ពីបទ វីតិក្រម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចហាងកាហ្វេ តាមបណ្តោយផ្លូវ៩៨ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ យោងតាមមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ឯម កុសល បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

ប៉ុន្តែបើយោងតាម សេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឯម កុសល មានឋានន្តរសក្តិវរសេនីយ៍ទោ មន្រ្តីនគរបាលប្រឆាំង បទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់ខុសច្បាប់នេះផងដែរ។

ចំណែកជនជាប់ចោទឈ្មោះ ហ៊ុយ ហឿន បានឆ្លើយប្រាប់អង្គភាពប្រឆាំងអំពើពុករលួយថា ខ្លួន និងជនជាប់ចោទឈ្មោះ ឯម កុសល បានដើរយកលុយខែខុសច្បាប់ជាអាជីវករ ជាម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ជាង១០០កន្លែង ដោយបានលុយប្រមាណពី ២០០០ ទៅ៣០០០ដុល្លារ ក្នុងមួយខែៗ។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខវិញ៕

មតិយោបល់