ព័ត៌មានជាតិ

ឌ្រីមសង់ សាកកម្លាំងជាមួយព្រុស ខ្ទេចគ្មានសល់!

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ក្នុងល្បឿនលឿនមកបុករថយន្តម៉ាកព្រុស កំពុងតែបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ រីឯបុរសអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-2784 បើកបរដោយបុរសម្នាក់តាមបណ្តោយមហាវិថីរដ្ឋសភា ទិសដៅពីត្បូងទៅជើង រួចក៏បត់ឆ្លងផ្លូវទៅកើត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FJ-6640 បើកក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនដូចហោះ បានមកបុកចំ ចំហៀងពីក្រោយចំទ្វាខាងស្តាំរថយន្តពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូបោកក្បាលនៅនឹងកញ្ចក់ បែកមួកខ្ទេចត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តចេញភៀសខ្លួនចេញពីកន្លែងកើតហេតុ ដោយបានជិះកង់បីទៅបាត់ ទើបសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់