Post News Media ព័ត៌មានជាតិ ទីតាំងវេចខ្ចប...

ទីតាំងវេចខ្ចប់ប្រេងម៉ាស៊ីនម៉ាកShell Advanceក្លែងក្លាយមួយកន្លែង ត្រូវបានបង្ក្រាប!

បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅឆែកឆេរនិងបង្រ្កាបទីតាំងដ៏ធំមួយដែលបានលួចលាក់ក្លែងបន្លំវេចខ្ចប់ម៉ាកប្រេងម៉ាស៊ីនShell Advance ក្លែងក្លាយ ដើម្បីលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ។

ការចុះបង្រ្កាបដឹកកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស ធ្វើឡើងនៅចំណុចទីតាំងដែលមានម្ចាស់ឈ្មោះ មួន សូភី ភេទប្រុសអាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការបង្រ្កាបនោះសមត្ថកិច្ចរកឃើញដកហូតបានវត្ថុតាងរួមមាន: ប្រេងម៉ាស៊ីនម៉ាកRELIX ADVANCE កេសធំចំនួន៤៣កេស (មួយកេសមានចំនួន២៤ដបជ័រ) ,ប្រេងម៉ាស៊ីនម៉ាកRELIX ADVANCE កេសតូច១៨កេស(មួយកេសមានចំនួន១២ដបជ័រ), ឡូហ្គោក្រដាសស្លាកសញ្ញាម៉ាក Shell Advance ដែលត្រូវក្លែងបន្លំម៉ាក និងបានបិទលើដបប្រេងម៉ាស៊ីនរួចហើយចំនួន៦កេស និងឡូហ្គោស្លាកសញ្ញាមិនទាន់ប្រើប្រាស់ចំនួន៣កេស, ជ័រសម្រាប់បិទចំនួន១កំប៉ុង និងសំបកកេសក្រដាសម៉ាកសញ្ញាShell Advance មួយចំនួនធំ។

លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រាប់ឱ្យដឹងថា ការបង្រ្កាបទីតាំងខាងលើក្រោយពីមានការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងនគរបាលការិយាល័យជំនាញ ក្រោយរកឃើញមានការលក់ចែកចាយនូវប្រេងម៉ាស៊ីនក្លែងបន្លំម៉ាកពីប្រេងម៉ាស៊ីនម៉ាក RELIX ADVANCE ដែលមានតម្លៃថោក បន្លំទៅបិទស្លាកShell Advance ដែលយកទៅលក់ចែកចាយលើទីផ្សារមានតម្លៃខ្ពស់។ ប្រេងម៉ាស៊ីនម៉ាកRELIX ADVANCE ទិញចូលមិនទាន់ដូរម៉ាក១ដប៩ពាន់រៀល នៅពេលបកចេញដូរម៉ាកសញ្ញាShell Advance លក់ក្នុងតម្លៃ១ដប ១ម៉ឺន៩ពាន់រៀល។
លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា ការក្លែងបន្លំសញ្ញាម៉ាកប្រេងម៉ាកម៉ាស៊ីនវាបង្កឱ្យ​ប៉ះពាល់ក្រុមហ៊ុនរកស៊ីស្របច្បាប់ និងមិនតែប៉ុណ្ណោះបង្កឱ្យប៉ះពាល់ខាត់បង់ថវិការបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការប្រើប្រាស់ម៉ាស៊ីនទោចក្រក្រយានយន្តអាចនិងរងការឆាប់ខូចនោះផងដែរ។

ពាក់ព័ន្ធនិងបញ្ហាក្លែងបន្លំម៉ាកប្រេងម៉ាស៊ីនខាងកម្លាំងនគរបាលការិយាល័យជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

Loading...