ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម២៣នាក់ ចូលស្នាក់នៅខុសច្បាប់

ភ្នំពេញ: នៅវេលាម៉ោង ៩និង ៣០ នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យគោលដៅ នៅហាងកាហ្វេដាលីង ហាងគុយទាវភឿងណាម និងក្រុមហ៊ុនដឹកអ្នកដំណើរផន លិន (ភ្នំពេញ-វៀតណាម) ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមរយ:ការពិនិត្យអាស័យដ្ឋានខាងលើ សមត្ថកិច្ច បានរកឃើញជនបរទេសចំនួន ២៣ នាក់ ស្រី ០៩ នាក់ ជាជនជាតិវៀតណាមទាំងអស់ បានលួចចូលមកស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ និងប្រកបមុខរបរខុសច្បាប់។

បច្ចុប្បន្នជនបរទេសទាំងនោះ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងចាត់តាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់