ព័ត៌មានជាតិ

ចុមអត់តិចណា! ឆែករថយន្ត HILUX RYVO រកឃើញថ្នាំញៀនទម្ងន់ ៤៧,៧ក្រាម

ស្ទឹងត្រែង: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ត្រីអនុវត្តច្បាប់នៃប៉ុស្តិ៍ច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល បានធ្វើការឆែកឆេររថយន្ត HILUX RYVO មួយគ្រឿង រកឃើញថ្នាំញៀនទម្ងន់៤៧,៧ក្រាម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មុននឹងឈានដល់ការឆែករថយន្តខាងលើ សមត្ថកិច្ចមានការសង្ស័យក៏បានឆែកឆេរ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ធំ សរុបទម្ងន់ ៤៧,៧ក្រាម នៅក្នុងរថយន្តម៉ាកHILUX RYVO និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ចាន់សុគី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់