ព័ត៌មានជាតិ

លឿនពេក​ បូករួមមើលមិនឃើញផង បុកពេញទំហឹង ក្រឡាប់ផ្ងារជើង

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកនីសាន់ បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលជាម្ចាស់រថយន្តម៉ាកនីសាន់ ចង្កូតស្ដាំ ពាក់ស្លាកលេខ PP-1007 បានបើកជ្រុលចង្កូតទៅបុករបាំងថ្មក្បាលនាគចែកទ្រូងផ្លូវ ដែលមិនទាន់មានភ្លើងបំភ្លឺផ្លូវឲ្យបានត្រឹមត្រូវនៅឡើយ ពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំតែម្ដង និងបណ្ដាលឲ្យម្ចាស់រថយន្តបង្ករងនោះរបួសធ្ងន់ តេហៅសាច់ញាតិមកទទួល ដឹកយកទៅព្យាបាលនៅឯឃ្លីនិកមួយបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ខណ្ឌឲ្យចុះមកធ្វើការវាស់វែងចប់សព្វគ្រប់រួចយករថយន្តបង្កប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងស្ទួចរថយន្តយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់