Post News Media ព័ត៌មានជាតិ គ្រាន់តែអូនមិ...

គ្រាន់តែអូនមិនព្រមជក់ថ្នាំញៀន ហេតុអ្វីបានជាបងដាច់ចិត្តវាយអូនជាំភ្នែក

បន្ទាយមានជ័យ: ស្ត្រីម្នាក់បានសម្រេចមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីប្រុសស្នេហ៍ដែលមានភេទដូចគ្នាវាយធ្វើបាបនឹងបង្ខំឲ្យសេពគ្រឿងញៀន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការ នៃអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែតបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ វ.វ.ច អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជា កម្មកររោងចក្រ រីឯបុរសជាសង្សារដែលមានភេទដូចគ្នា ឈ្មោះ ហ៊ុម លក្ខិណា ហៅល័ក្ខ អាយុ២៧ឆ្នាំ ភេទស្រី តែតែងខ្លួនជាប្រុស មុខរបរ ជាកម្មកររោងចក្រដូចគ្នា។

លោក ធិន ស៊ិនដេត បន្តថាដោយយោងតាមការរៀបរាប់របស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា រូបគេនឹងឈ្មោះលក្ខ័បានស្គាល់គ្នាពេលដែលចូលទៅធ្វើការ នៅក្នុងរោងចក្រជាមួយគ្នា ហើយក៏បានស្រឡាញ់គ្នា នឹងមករស់នៅជាមួយគ្នាអស់រយ: ពេលជិត២ឆ្នាំមកហើយ។ ក្រោយមកឈ្មោះ លក្ខ័នេះ ក៏បានប្រើប្រាស់ថ្នាំញៀន នឹង តែងតែបង្ខំឲ្យខ្លួនជក់ជាមួយ។ ស្ត្រីរងគ្រោះបន្តទៀតថានៅពាក់កណ្តាលយប់ ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ប្រុសស្នេហ៍ឈ្មោះ ហ៊ុម លក្ខិណា ហៅលក្ខ័ បានអង្គុយ ជក់ថ្នាំញៀនក្នុងបន្ទប់ដូចសព្វមួយដងព្រមទាំងបង្ខំឲ្យរូបគេមកអង្គុយជក់ជាមួយ។
ដោយថ្នាំនៅសល់តិចបុរសជាសង្សារបានសុំលុយមួយពាន់បាតពីខ្លួនដើម្បីទិញថ្នាំថែម តែខ្លួនពុំព្រមឲ្យទេ ទើបធ្វើឲ្យសង្សារ ឈ្មោះលក្ខ័ ឡូឡា ខឹងខ្លាំង ហើយឈានដល់ស្ទុះមកវាយនឹងដាល់បណ្តាលឲ្យខៀវមុខ ជាំភ្នែក។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងជំនាញបានចុះទៅធ្វើការឆែកឆេរក្នុងបន្ទប់ ស្នាក់នៅខាងលើបានរកឃើញឧបករណ៍ជក់ថ្នាំញៀនមួយចំនួន នឹងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះលក្ខ័យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប្រើប្រាស់ ថ្នាំញៀន ជាច្រើនខែមកហើយ ។ ហើយអ្វីដែលខ្លួនឈានដល់ការវាយលើស្ត្រីរងគ្រោះគឺបណ្តាល មកពីសុំលុយ១០០០បាតទិញថ្នាំញៀនថែមមិនបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕

Loading...