ព័ត៌មានជាតិ

Update៖ ទើបតែផ្អើលថ្ងៃមុនសោះ ឥឡូវនេះទៀតហើយRock !

ភ្នំពេញ: បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងរថយន្តមួយគ្រឿង នៅក្នុងមណ្ឌលកម្សាន្តរ៉ក់ (Rock) បង្កឲ្យមានការភ្ញាក់់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅមណ្ឌលកម្សាន្តរ៉ក់(Rock) ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បន្ទាប់ពីបានចូលមកកម្សាន្តជាមួយនិងមិត្តភក្តិរបស់ខ្លួន។

សមត្ថមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហេង សីហា អាយុ៣៣ឆ្នាំ មុខរបរលក់ទូរសព្ទដៃ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិម៉ាក់គ្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ បុរសរងគ្រោះរួមទាំងមិត្តភក្តិប្រុសចំនួន២នាក់ទៀត សរុបគ្នា ៣នាក់ ជិះរថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2186 មួយគ្រឿង នាំគ្នាមកកម្សាន្តនៅមណ្ឌលកម្សាន្តរ៉ក់។ លុះប៉ុន្មានម៉ោងក្រោយមក គេឃើញបុរសរងគ្រោះបានចេញមកដេកក្នុងរថយន្តមុន លុះដល់មិត្តភក្តិចំនួន២នាក់ទៀតចេញមកគោះទ្វាររថយន្តហៅតែមិនបើក ទើបនាំគ្នាបើកទ្វាររថយន្តមើលទើបដឹងថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ និងដឹកយកសាកសពទៅកាន់វត្តនិរោធរង្សី ដើម្បីធ្វើកោសល្យវិច័យបានឃើញថា « បុរសរងគ្រោះបានស្លាប់ដោយសារតែគាំងបេះដូង» និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់