ព័ត៌មានជាតិ

បុកម៉ូតូប៉ើងដូចសំឡី ដាច់ម្រាមដៃប៉ិតធ្លាក់លើរថយន្ត!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហាយឡាក់វីហ្គូ ពណ៌ទឹកមាស មួយគ្រឿង បុកបុរសម្នាក់កំពុងជិះម៉ូតូមីអូ ចំខាងមុខយ៉ាងពេញទំហឹង ប៉ើងដូចសំឡី បណ្តាលឲ្យបុរសជិះម៉ូតូនោះរងរបួសធ្ងន់ និងដាច់ម្រាមដៃ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកមីអូមួយគ្រឿង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡាក់វីហ្គូ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-9318 ទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសដៅគ្នា មកបុកពីមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូបោកក្បាលនឹងរថយន្តបែកក្បាលហើយដាច់ម្រាមដៃជាប់នៅលើរថយន្តនោះផងដែរ ហើយភ្លាមៗនោះរថយន្តនោះក៏បានព្យាយាមបើករត់គេចក៏ត្រូវបានប្រជាពលរដ្ឋនឹងសមត្ថកិច្ចស្ទាក់ចាប់បាននៅត្រង់ចំណុចខាងមុខវិទ្យាល័យបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទើបឃាត់ខ្លួនម្ចាស់រថយន្តយកទៅខណ្ឌ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅចរាចរណ៍ក្រុងឲ្យមកយករថយន្តនិងម៉ូតូយកទៅរក្សាទុកនិងឃាត់ខ្លួនម្ចាស់រថយន្តយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់