Post News Media ព័ត៌មានជាតិ ម្ចាស់ថា ៥០០០...

ម្ចាស់ថា ៥០០០ដុល្លារ លោកចោរឆ្លើយថា មានតែ៩០០ដុល្លារទេ!

កំពង់ធំ: លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ ក្រោយពីជនសង្ស័យខាងលើ រួមនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពលួចកាបូបលុយជនរងគ្រោះដែលមានលុយសរុបដល់ទៅ៥០០០ដុល្លារ​ឯណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចមក រយ:ពេល២ម៉ោងក្រោយ គឺនៅម៉ោង៩ព្រឹកថ្ងៃដដែល សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើបានតែម្តង។ ចំណែកបក្ខពួកម្នាក់ទៀត បានដឹងខ្លួនមុន គេចខ្លួនបាត់ស្រមោល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាបូបលុយជនរងគ្រោះពិតមែន ប៉ុន្តែលុយដែលលួចបាននោះ មានតែ៩០០ដុល្លារតែប៉ុណ្ណោ និងធ្លាប់ជាប់ពន្ធនាគារ ថែមទាំងធ្វើតេស្តមានសារធាតុញៀនបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំហើយ៕

Loading...