ព័ត៌មានជាតិ

Update៖ ព្រលឹមមិនទាន់! បុកស្លាប់និងរបួសធ្ងន់ចំនួន៣នាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ម៉ូតូ២គ្រឿងជិះវ៉ាគ្នាមិនផុតប៉ះដៃចង្កូតបណ្តាលឲ្យដួលទាំង២គ្រឿង ១គ្រឿងខ្ទាតចូលក្រោមរថយន្តដែលកំពុងតែធ្វើដំណើរពីខាងក្រោយបានកិនអូសជាង១០០ម៉ែត្រទើបឈប់ ២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ៉រសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលដែលមានគ្រោះថ្នាក់នេះគឺមានម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ហុងដា សង់ស៊េរី២០១៣ មានស្លាកលេខភ្នំពេញ1BC-0621 ដែលជិះគ្នា២នាក់និងមួយគ្រឿងទៀត ម៉ាកហុងដា ដូចគ្នា ស៊េរី២០១៣ ដែរមានស្លាកលេខភ្នំពេញ1BP-7293 បើកបរតែម្នាក់ឯងបានធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នាមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍មកពីខាងក្រោយបានបុកនិងម៉ូតូទាំង២គ្រឿងអូសជាង១០០ម៉ែត្របណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសម:ដើម្បីសង្គ្រោះជីវិត។

សមត្ថកិច្ចបានឲ្យដឹងថាជនរគ្រោះស្លាប់ម្នាក់នៅមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេនិង២នាក់ទៀតដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យត្រូវបានស្លាប់ម្នាក់ទៀតនិងម្នាក់ទៀតកំពុងតែសង្គ្រោះ។

ចំណែកអ្នកបើកបរបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរារចណ៍ខណ្ឌដង្កោ សហការជាមួយនិងចរាចរណ៍ជើងគោគរាជធានីភ្នំពេញវាស់វែងនៅកន្លែងកើតហេតុ រួចបានប្រគល់រថយន្តនិងម៉ូតូគ្រឿងឲ្យទៅខាងការិយាល័យចរាចរណ៍ជើងគោគយករក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់