ព័ត៌មានជាតិ

រថយន្តពីរគ្រឿងកៀរគ្នា បណ្ដាលឲ្យក្រទ្បាប់បោក ទៅលើក្មេងប្រុសម្នាក់ស្លាប់

បន្ទាយមានជ័យ: រថយន្តពីរគ្រឿងបានកៀរគ្នា បណ្តាលឲ្យក្រឡាប់បោកទៅលើក្មេងប្រុសម្នាក់ស្លាប់ ខណ:ដែលកំពុងជិះកង់ទៅសាលារៀន។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណ ៧ និង៤៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្ត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមសម្តីសាក្សីបានឲ្យដឹងថា នៅមុនកើតហេតុគេ បានឃើញរថយន្ត ឡង់គ្រីស័រ និងរថយន្តឆ្លាម បើកបរស្របទិសគ្នាពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តឆ្លាមបានបើកជែងរថយន្តឡង់គ្រីស័រ ខណ:មានរយន្តមួយ គ្រឿងទៀត បើកបរបញ្ច្រាសទិសបានមកដល់ ទើបរថយន្តឆ្លាម ក៏បើកគេចមកខាងស្តាំវិញ ទៅកៀរគ្នាជាមួយរថយន្តឡង់គ្រីស័រ បណ្តាលឲ្យក្រឡាប់បោកទៅលើក្មេងប្រុស ម្នាក់ អាយុប្រហែល១៣ឆ្នាំ ដែលកំពុងជិះកង់ទៅសាលារៀន ស្លាប់យ៉ាងអាណោចអធ័ម ដោយរថយន្តឆ្លាម បានក្រឡាប់ផ្ងារជើង រីឯរថយន្តឡង់គ្រីស័រវិញ ធ្លាក់ចូលប្រឡាយ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ បានមកដល់ដើម្បីជួយសម្រួល ចរាចរណ៍ និងសង្គ្រោះជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព៕

មតិយោបល់