ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសមេកន្ទុយលេខម្នាក់ និងកូនចៅ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ អនុវត្ត១៥ថ្ងៃ

ភ្នំពេញ: ក្រោយពីតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) កាលពីអំឡុងចុងខែវិច្ឆិកា កន្លងទៅថ្មីៗនោះ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និងមានកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ បានបើកសវនាការ កាត់ទោស ស្ត្រីមេឆ្នោតកន្ទុយលេខវៀតណាមម្នាក់ និងបុគ្គលិកកត់ត្រាឆ្នោត ប្រុសស្រី ២នាក់ ពាក់ព័ន្ធបទល្មើស បើកបនល្បែងស៊ីសងខុសច្បាប់។

ក្រោយពេលសវនាការលើអង្គសេចក្តី ប្រហែល៣០នាទី លោក សេង រិទ្ធី បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៖
-ទី១ឈ្មោះ កែវ សុខឿន ភេទស្រី អាយុ ៣៩ឆ្នាំមុខរបរមេឆ្នោតវៀតណាម ស្នាក់នៅផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
-ទី២ឈ្មោះ ហួត ដានី ភេទស្រី អាយុ ១៨ឆ្នាំមុខរបរស៊ីឈ្នួលកត់ឆ្នោត ឱ្យឈ្មោះ កែវ សុខឿន ស្នាក់នៅភូមិពោង ពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
-និងទី៣ឈ្មោះ ភន សុភាព ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរស៊ីឈ្នួរកត់ឆ្នោតឱ្យឈ្មោះ កែវ សុខឿន ស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ

ដាក់ពន្ធនាគារកំណត់ម្នាក់ៗ រយ:ពេលមួយឆ្នាំ ដោយអនុវត្តទោសតែ ១៥ថ្ងៃនៅក្នុងពន្ធនាគារ ទោសនៅសល់ត្រូវព្យួរធម្មតារ ពីបទ ភ្នាក់ងារល្បែងស៊ីសង ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

សូមបញ្ជាក់ថា សាលក្រមខាងលើពុំបានផ្តន្ទាទោសពិន័យជាប្រាក់លើជនជាប់ចោទឡើយ។

នៅក្នុងសវនាការជនជាប់ចោទទាំង ៣នាក់បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការមែន។

គួររំលឹកថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទខាងលើជាក់ស្តែង កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ករតាមច្បាប់៕

មតិយោបល់