ព័ត៌មានជាតិ

មានទាំងសិស្សឥន្ទ្រទេវី មានទាំងសន្ធរម៉ុក ជាប់ខ្នោះទាំងអស់!

ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅវេលាម៉ោងប្រហែល ៩និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខ យានដ្ឋាន ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ គួយ ម៉ានិន ហៅ និន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១០E វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ B៤១ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហ.ល.ហ ហៅ ប៊យ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨B វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ៤៥ បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ ធួន សារ៉ាវុធ ហៅ វុធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី១២A2 វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទី៤-ឈ្មោះ ល.ស.ហ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១០ I2 វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៩៤J ផ្លូវលំ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងនោះដកហូតបានវត្ថុតាងមាន៖ កាបូបស្ពាយមួយ ក្នុងនោះមាន ទូរសព្ទម៉ាក Hiawatha និងឯកសារមួយចំនួន លុយដុល្លារ២០ដុល្លារ (ជារបស់ជនរងគ្រោះ ),ម៉ូតូចំនួន៣គ្រឿងម៉ាក Honda Moove , ម៉ាក Suzuki Nex , និងម៉ាក MSX ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់។

ចំណែកជនរងគ្រោះឈ្មោះ សម្បត្តិ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លក់ប្រេងម៉ាស៊ីនឡាន (MPM) ស្នាក់នៅផ្ទះ ភូមិពងទឹក ផ្លូវជាតិលេខ៣ សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីក្រុមហ៊ុនលក់ប្រេងម៉ាស៊ីន ដើម្បីផ្សព្វផ្សាយលក់ផលិតផល ប្រេងម៉ាស៊ីន លុះពេលជនរងគ្រោះមកដល់ចំណុច មុខយានដ្ឋានជួសជុលរថយន្ត ស្រេង ប្រណី កើតហេតុខាងលើ ជនរងគ្រោះក៏បានឈប់ម៉ូតូ ហើយកត់ លេខទូរសព្ទរបស់ភ្ញៀវ ស្រាប់តែជនសង្ស័យទាំង៤ក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ជនរងគ្រោះដែលដាក់នៅលើកន្រ្តក់ម៉ូតូ
ខាងមុខ បានសម្រេចហើយជនសង្ស័យទាំង៤នាក់ ព្យាយាមជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ឲ្យគេជួយពេលនោះក៏ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ កំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ឃើញសកម្មភាពជនសង្ស័យ ឆក់ក៏ធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងចាប់យក បានបញ្ជូនទៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕

មតិយោបល់