Post News Media ព័ត៌មានជាតិ បុករះខ្ទេចពេញ...

បុករះខ្ទេចពេញផ្លូវ ដោយសាររថយន្តម៉ាកសឺដេសS400 ស្លាកលេខ ភ្នំពេញ 2AV-3838

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកសឺដេសS400 មួយគ្រឿងបើកបរដោយបុរសម្នាក់ ស្រវឹងជោក បានបុករះរថយន្ត១គ្រឿងខ្ទេចក្បាលខាងមុខ រួចបន្តបុកម៉ូតូ៤គ្រឿង និងកង់អាគុយ១គ្រឿងទៀត បណ្តាលឲ្យខូចខាត ដួលរណូករណែលពេញផ្លូវ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខហាងលក់គ្រឿងសំណង់យីហោ អេលីហ្សា មហាលាភ តាមបណ្តាយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ មានគេឃើញរថយន្តម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-9711 បើកបរដោយបុរសម្នាក់ ទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ម៉ាកសឺដេសS400 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3838 បើកបរដោយបុរសម្នាក់ស្រវឹងជោក មកពីក្រោយក្នុងល្បឿនលឿនដូចហោះ មកបុកគូថរថយន្តកាមរីបាឡែន រុញផ្ទប់ទៅបុកនឹងរនាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បាក់អស់៣កង់ខ្ទេចរថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង។ ភ្លាមនោះ រថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏រេចង្កូតបុករះម៉ូតូ៤គ្រឿងទៀត ដែលឈប់ចតនៅមុខតូបលក់មីឆា ត្រង់ចំណុចកើតហេតុ បណ្តាលឲ្យបុរសចំនួន៣នាក់ដែលចូលហូបបាយឆា ក្នុងហាងខាងលើរងរបួស ហើយនៅតែមិនទាន់អស់ល្បឿនក៏បន្តទៅបុកគូថកង់អាគុយមួយគ្រឿងទៀត កំពុងជិះតាមដងផ្លូវ បណ្តាលឲ្យដួលខូចខាតយ៉ាងដំណំ ត្រៀបត្រាពេញផ្លូវតែម្តង ។

ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកមធ្យោបាយដំណើរទាំងអស់ខាងលើទៅរក្សាទុកនៅការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...