ព័ត៌មានជាតិ

Update៖ ផ្ទះគ្រូបង្រៀន រួមនិងផ្ទះប្រជាពលរដ្ឋ៥ខ្នងទៀត ត្រូវព្រះអគ្គីលេបត្របាក់គ្មានសល់

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋដែលធ្វើអំពី​ ឈើលើ ថ្មក្រោម​ ចំនួន ៦ខ្នង នៅជាប់ៗគ្នា​ យ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី​១១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅចំណុចខាងក្រោយផ្សារទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំបូងឡើយ​ មានគេឃើញអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់បានហុយចេញពីបន្ទប់ផ្ទះជួល​ ដែលមានរថយន្តកូរ៉ូឡា​ ស៊េរី​២០០៣​ មួយគ្រឿង នៅក្នុងផ្ទះនោះ​ ភ្លាមៗគាត់នឹងប្រជាពលរដ្ឋបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ជួយពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ​ គ្របដណ្តប់ទៅលើផ្ទះប្រជាពលរដ្ឋនោះ។

លោក​វរ:សេនីយ៍ទោ​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ បានឲ្យដឹងដែរថា​ ក្រោយទទួល​បានសេចក្តីការណ៍ពីពលរដ្ឋភ្លាមៗលោកក៏បានដឹកនាំកម្លាំងរបស់លោក​ សហការជាមួយកងកម្លាំងបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ និងកម្លាំងប្រជាការពារខណ្ឌ​ សង្កាត់​ចុះអន្តរាគមន៍​ ដល់កន្លែងកើតហេតុ​ភ្លាមៗផងដែរ។

ដោយឡែកលោក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ នៅ ក្នុងប្រតិបត្តិអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឲ្យរលត់សូន្យសុងទៅវិញនោះ គឺប្រើប្រាស់រយ:ពេលជាង១ម៉ោង​ ដោយប្រើឡានទឹក ចំនួន​ ៣២គ្រឿង​ ក្នុងនោះ ឡានទឹក របស់រាជធានី ចំនួន​ ២១​ គ្រឿង​ ឡានទឹក ង​ ៧០​ ចំនួន ៣គ្រឿង​ ឡានទឹករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចំនួន​ ៣​ គ្រឿង​ ឡានទឹករបស់ ក្រុមហ៊ុន ស្រាបៀកម្ពុជា​ ចំនួន ១គ្រឿង​ និង ឡានទឹក របស់ ក្រុមហ៊ុន​ OCIC ជ្រោយចង្វា​ ចំនួន ៤គ្រឿង​ ប៉ុន្តែប្រើប្រាស់ទឹកអស់តែ​ ចំនួន ២៥​ រថយន្តប៉ុណ្តោះ​ ។

លោក​ ព្រហ្ម​ យ៉ន​ ប្រាប់បន្តថា​ ជុំវិញករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់ ត្រូវរងគ្រោះនោះទេ ។ ចំណែកសម្ភារ: ខូចខាត រួមមាន ផ្ទះពលរដ្ឋ​ ចំនួន ៦ខ្នង​ រថយន្ត កូរ៉ូឡា​ ១គ្រឿង​ ម៉ូតូ​ ៣គ្រឿង​ ម៉ាសីុនដេរខោអាវ​ ១៦​ គ្រឿង​ និងទ្រព្យសម្បត្តិមួយចំនួនធំ​ទៀត ។ ចំណែកមូលហេតុដែលបង្កឲ្យមានករណីនេះលោកនៅមិនទាន់បញ្ជាក់បាននៅឡើយ​ គ្រាន់តែជំហានដំបូងសន្និដ្ឋានកើតចេញពីការឆ្លងចរន្តអគ្គិសនី​៕

មតិយោបល់